/07/2025 – 10:20
ព្រះមហាក្សត្រខ្មែរ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជានុញ្ញាតឲ្យប្រើប្រាស់ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា។ ព្រះរាជក្រមព្រះមហាក្សត្រ ដែលដាក់ឲ្យប្រើប្រាស់ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ៣៣នេះ ធ្វើឡើងក្រោយរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជាបានពិភាក្សា និងអនុម័តតាមរយៈសម័យប្រជុំនៃអង្គនីតិបញ្ញត្តិជាបន្តបន្ទាប់នៅក្នុងខែកក្កដា ឆ្នាំ២០២៥នេះ។
តាមព្រះរាជក្រម ដែលឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រខ្មែរ កាលពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២៥ មាត្រា៣៣ថ្មីមានខ្លឹមសារដើមទាំងស្រុងថា «ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឲ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេស ត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់»។
ការប្រកាសឲ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីរដ្ឋសភាកម្ពុជាបានអនុម័តនាសម័យប្រជុំរដ្ឋសភាកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ និងព្រឹទ្ធសភាកម្ពុជាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៥។
ទាក់ទងទៅនឹងវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា ៣៣នេះ ត្រូវក្រុមជំទាស់នៅក្រៅប្រទេសអំពាវនាវឲ្យព្រះមហាក្សត្រទ្រង់ពិនិត្យឡើងវិញ ដោយលើកហេតុផលថា វិសោធនកម្មនេះអាចធ្វើឲ្យខូចប្រយោជន៍ជាតិ។ តាមលិខិតរបស់ខ្លួន ចុះថ្ងៃទី ២០ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិតស៊ូ បានទូលស្នើឲ្យព្រះមហាក្សត្រទ្រង់កោះប្រជុំសមាជប្រជាពលរដ្ឋពិសេសជាបន្ទាន់មួយ ដើម្បីសួរយោបល់ពីប្រជាពលរដ្ឋ ជុំវិញវិសោធនកម្មរដ្ឋធម្មនុញ្ញចុងក្រោយនេះ។
ក្រុមប្រឹក្សាជាតិតស៊ូ បានទូលថ្វាយព្រះមហាក្សត្រថា វិសោធនកម្មនេះមិនទទួលបានការសាទរពីប្រជារាស្ត្រទូទៅទេ ហើយសូម្បីតែបញ្ញវន្តនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏មិនយល់ស្របនឹងការកែប្រែរដ្ឋធម្មនុញ្ញនៅពេលនេះដែរ។ ក្រុមជំទាស់ដដែល បានអះអាងថា រដ្ឋសភា និងព្រឹទ្ធសភាសព្វថ្ងៃនៃគណបក្សកាន់អំណាចមិនកើតចេញពីការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវឡើយ។ ក្នុងន័យនេះ ស្ថាប័នច្បាប់កំពូលជាតិទាំងពីរនេះ មិនអាចធ្វើជាតំណាងស្របច្បាប់នៃផលប្រយោជន៍ប្រជាជាតិកម្ពុជា។
តែអ្នកនាំពាក្យព្រឹទ្ធសភាលោក ជា ធីរិទ្ធ បានប្រតិកម្មតបថា ក្រុមប្រឹក្សាជាតិតស៊ូ មិនដែលមើលឃើញក្រុមមន្ត្រីរដ្ឋាភិបាល និងអ្នកនយោបាយនៃគណបក្សប្រជាជនកម្ពុជាក្នុងផ្លូវល្អនោះទេ ហើយក្រុមនេះតែងតែលើកតម្កើងខ្លួនឯងថា ជាអ្នកសេ្នហាជាតិ ហើយផាត់ក្រុមផ្សេងទៀតចោល។ លោកយល់ថា ការលើកឡើងរបស់ក្រុមប្រឹក្សាជាតិតស៊ូនេះ ជាសំឡេងជ្រុលនិយម ដោយមិនទទួលស្គាល់ការពិតនៃប្រព័ន្ធប្រជាធិបតេយ្យស្របច្បាប់នៅកម្ពុជា។
បន្ថែមពីនេះ មុនការចេញព្រះរាជក្រមនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានអះអាងថា វិសោធនកម្មលើមាត្រា ៣៣នៃរដ្ឋធម្មនុញ្ញ ដែលបើកផ្លូវឲ្យដកសញ្ជាតិខ្មែរពីជនក្បត់ប្រយោជន៍ជាតិ គឺមានវត្ថុបំណងបន្សុតទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរចំពោះជាតិ មាតុភូមិកម្ពុជា ពោលការលើកកម្ពស់នូវឧត្តមគតិជាតិ មនសិការស្នេហាជាតិ និងគោលជំហរស្មោះត្រង់ឥតងាករេរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់៕